• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar
  • Skip to footer

Sleek Peak

  • CELEBRITY FASHION
  • FASHION ED
  • STYLE
  • TRENDING
  • About Us
  • Contact Us
You are here: Home / STYLE / សម្លៀកបំពាក់ប្រពៃណីសម្រាប់ចូលឆ្នាំចិន

សម្លៀកបំពាក់ប្រពៃណីសម្រាប់ចូលឆ្នាំចិន

February 7, 2021 by SLEEK PEAK

ទំនៀមទំលាប់ និងប្រពៃណីក្នុងការសម្លៀកពាក់ សម្រាប់ចូលឆ្នាំចិន

បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ប្រទេសចិន និងជាពិសេសគឺប្រជាជនចិនតែម្តងទោះបីជាគេ មិនរស់នៅក្នុងប្រទេសចិនក៏ដោយ ។ ពិធីនេះក៏ត្រូវបានគេហៅថា ពិធីបុណ្យ​និទាឃរដូវ (Spring Festival) ផងដែរ ព្រោះតាមប្រតិទិនច័ន្ទគតិ និទាឃរដូវ (រដូវផ្ការីក) នឹងចាប់ផ្តើម ហើយរដូវរងារនឹងត្រូវបញ្ចប់ ។ 

សម្លៀកបំពាក់ និងការស្លៀកពាក់ ក៏ជាផ្នែកសំខាន់មួយក្នុងការប្រារព្ធពិធីនេះផងដែរ ។ ក្នុងអត្ថបទខាងក្រោមនេះ យើងនឹងនិយាយអំពីចំនុចសំខាន់ៗដែលទាក់ទងនឹងសម្លៀកបំពាក់ក្នុងពិធីបុណ្យចូលឆ្នាំចិន ។

ឆ្នាំថ្មីសម្លៀកបំពាក់ថ្មី 

ដើម្បីត្រៀមទទួលឆ្នាំថ្មី គេត្រូវមានសម្លៀកបំពាក់ថ្មីៗ ក្នុងអត្ថន័យឆ្លុះបញ្ចាំងនូវការផ្លាស់ប្តូរ , ការចាប់ផ្តើមថ្មី និងជៀសឆ្ងាយពីរឿងអបមង្គល ។ សម្លៀកបំពាក់ថ្មីៗ ត្រូវពាក់នៅថ្ងៃចូលឆ្នាំទី១ រីឯយប់ឆ្លងឆ្នាំវិញ គឺត្រូវពាក់អាវ គេងយប់ថ្មីចូលគេង ។ 

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទិញសម្លៀកបំពាក់ដែលមានម៉ូតរហែក នោះទេ ដូចជាខោខាប៊ូយរហែកជាដើម ។ ទោះបីជាម៉ូតរហែកនេះពេញនិយមយ៉ាងណាក៏ដោយ គេជឿថាវាមិនមែនជានិមត្តិរូបល្អសម្រាប់សម្លៀកបំពាក់ ឆ្នាំថ្មីនោះទេ ។ 

សម្លៀកបំពាក់ប្រពៃណី

បច្ចុប្បន្ន ជាពិសេសក្មេងៗជំនាន់ក្រោយមិនសូវប្រកាន់ខ្ជាប់នូវសម្លៀកបំពាក់ ឬឈុតប្រពៃណី សម្រាប់ពិធីចូលឆ្នាំចិនប៉ុន្មានទេ ។ ហើយគេក៏បានកែច្នៃម៉ូតជាច្រើន ឲ្យមានភាពទាន់សម័យផងដែរ ក្នុងនោះមានដូចជារ៉ូបខ្លី អាវយឺតជាដើម ។ 

ដោយឡែកនៅមានចាស់ៗ និងអ្នកមានជំនឿមួយចំនួន ដែលនៅប្រកាន់ខ្ជាប់ ការស្លៀកសម្លៀកបំពាក់ប្រពៃណីសម្រាប់ចូលឆ្នាំចិន ។ 

ជាក់ស្តែង សម្លៀកបំពាក់ប្រពៃណីសម្រាប់ចូលឆ្នាំចិន អាចមានច្រើនប្រភេទ ខុសៗគ្នាទៅតាមតំបន់ ។ ក្នុងចំនោមនោះ សម្លៀកបំពាក់ដែលមានភាពពេញនិយមជាងគេនាពេលបច្ចុប្បន្នគឺ ឈុតថាំង និង ឈីផោ ។ សម្លៀកបំពាក់ប្រពៃណីមួយចំនួន មានដូចជា៖

  1. ឈុតថាំង (Tang Suit / 唐装/ táng zhuāng ) ៖ អាវបុរស កតាំង មានឡេវអាវបែបចិន ដោយអាវនេះជាម៉ូតជំនាន់រាជវង្សថាង (618-907) ។ ភាគច្រើនធ្វើពីសូត្រ មានពណ៌ស្រស់ឆើតឆាយ និងរចនាយ៉ាងលំអិត ។ 
  1. ឈីផោ(Qipao / 旗袍 / qí páo) ៖ អាវរ៉ូបរឹបរាង កតាំង មានប្រវែងវែង ឬខ្លី សម្រាប់នារី ជាម៉ូតជំនាន់រាជវង្សឈីង (1644-1912) ។ ភាគច្រើនធ្វើពីសូត្រ មានពណ៌ស្រស់ឆើតឆាយ និងរចនាយ៉ាងលំអិត ។ 
  1. អាវផាយ (Cheongsam / 长衫 / cháng shān)៖ ជារ៉ូបវែង ឬអាវវែង ដូច ឈីផោដែរ។ បរទេសភាគច្រើនស្គាល់ និងសំដៅ អាវផាយនេះថាជា ឈីផោ ដែលជារ៉ូបរបស់នារី ។  ប៉ុន្តែពេលខ្លះគេសំដៅវាទៅលើអាវរ៉ូបវែង ដៃវែង របស់បុរស ។ ប្រវែងរបស់រ៉ូបនេះតំណាងឲ្យជីវភាព និងឋានៈក្នុងសង្គម ព្រោះវាជាឈុតដែលគេមិនអាចពាក់ដើម្បីធ្វើការដោយកំលាំងបាន ។ រីឯឡេវអាវបិទចំហៀងវិញ តំណាងឲ្យ ទ្រព្យសម្បត្តិ និងភាពរុងរឿង ។ 
  1. ហានហ្វូ (Hanfu/汉服 / hàn fú)៖ ដែលបកប្រែមកថាជាសម្លៀកបំពាក់របស់ជនជាតិហាន។ រូបរាងរបស់ ឈុតហានហ្វូ គឺភាគច្រើនយើងឃើញក្នុងរឿងចិនបុរាណ ដែលមានសំរុងវែង ដៃអាវវែង និងមានទំហំដៃអាវធំ។ ហានហ្វូមានម៉ូតខុសៗគ្នាទៅតាមរជ្ជកាលនីមួយៗ រីឯបច្ចុប្បន្ន ឈុតនេះត្រូវបានច្នៃ ឲ្យទំនើបជាងមុន ដូចជាមានប្រវែងខ្លីជាដើម ។ 

ពណ៌សម្លៀកបំពាក់

អ្នកទាំងអស់គ្នាប្រាកដជាដឹងរួចហើយថា ពណ៌ក្រហមគឺជាពណ៌ដែលពេញនិយមសម្រាប់ចិន ពីព្រោះគេជឿថា ពណ៌ក្រហមគឺជាពណ៌នាំសំណាង ហើយតំណាងឲ្យភាពខ្លាំង និងរុងរឿង ។ រីឯពណ៌ដែលត្រូវជៀសវាងគឺពណ៌ខ្មៅ និងស ដោយគេជឿថាវាជាពណ៌ដែលនាំមកនូវសំណាងអាក្រក់ និងអបមង្គល ។ 

ពណ៌ក្រហម មិនត្រឹមតែត្រូវបានប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំចិននោះទេ គឺត្រូវបានប្រើក្នុងកម្មវិធីជាច្រើន ដូចជាខួបកំណើតផងដែរ​។ 

គេមានជំនឿថា សម្រាប់បុគ្គលមានឆ្នាំជាន់ជាមួយនឹង ឆ្នាំថ្មី (ឧទាហរណ៍អ្នកកើតឆ្នាំឆ្លូវ ហើយចូលឆ្នាំថ្មីនេះគឺត្រូវនឹងឆ្នាំឆ្លូវ) នោះបុគ្គលនោះត្រូវពាក់សម្លៀកបំពាក់ដែលមានពណ៌ក្រហម ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចូលឆ្នាំ រយៈពេល មួយសប្តាហ៍ , មួយខែ ឬអាចដល់ទៅមួយឆ្នាំពេញតែម្តង ។  សម្រាប់ករណីនេះ គឺគ្រាន់តែបញ្ចូលពណ៌ក្រហមទៅនឹងឈុតប្រចាំថ្ងៃតែប៉ុណ្ណោះ ដូចជា ខោក្នុងក្រហម អាវក្នុងក្រហម ឬស្រោមជើងក្រហមជាដើម ។ តាមប្រពៃណីគេធ្វើបែបនេះដើម្បីទទួលបាននូវសំណាងពេញមួយឆ្នាំ ។ 

ទោះបីជាយ៉ាងណាក៏ដោយ ប្រពៃណីទំនៀមទំលាប់ តែងតែមានការវិវឌ្ឍន៍ និងផ្លាសប្តូរ ទៅតាមតំបន់នៅសម័យ ។ ចុះអ្នកមានជាប់ខ្សែស្រឡាយចិននៅស្រុកខ្មែរយើងអនុវត្តន៍បែបណាដែរ ?

Filed Under: STYLE

Primary Sidebar

Like Us On Facebook!

Sleek Peak – ស្លៀកពាក់

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Footer

ABOUT US

ស្លៀក​ពាក់ ឬ Sleek Peak គឺ​ជា​គេហទំព័រដែលផ្តល់នូវអត្ថបទទាក់ទងទៅនឹង ការស្លៀកពាក់, ឬហៅថា ហ្វាសិន (Fashion) ។ អ្នកអាចចាត់ទុកពួកយើងជា ហ្វាសិនប្លុក (Fashion Blog) ក៏បានដែរ ។

Recent Posts

  • សម្លៀកបំពាក់បែបណូអែល សម្រាប់បុរស
  • សម្លៀកបំពាក់របស់ Lisa (Blackpink) ក្នុងបទ LALISA
  • តើ វី (V) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជីន (Jin) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?
  • តើ ជេហូប(J-Hope) នៃក្រុម BTS ស្លៀកសម្លៀកបំពាក់អ្វីខ្លះក្នុងបទ Butter?

Connect us

  • Facebook
  • Instagram
  • Pinterest

SLEEK PEAK. Copyright © 2021. All Rights Reserved