សម្លៀកបំពាក់របស់ Rosé សមាជិកក្រុម Blackpink ក្នុងបទ Gone (ទៅបាត់)
Rosé ចេញបទថ្មីទៀតហើយគ្នាយើង! ខ្ញុំគិតថាគ្នាយើងបានស្តាប់បទ Gone នេះរួចមកហើយ ដោយបទនេះចេញមុនបទ On the Ground ទៅទៀត តែអ្វីដែលខាងក្រុមស្លៀកពាក់ (Sleek Peak) ទន្ទឹមរង់ចាំជាងគេនោះគឺ វីដេអូរបស់បទចំរៀងតែម្តង ។ ខាងក្រុមយើងទើបតែចេញអត្ថបទ ដែលនិយាយអំពីសម្លៀកបំពាក់របស់ Rosé ក្នុងបទ On the Ground នាថ្មីៗនេះផងដែរ ។ ខាងក្រោមជាវីដេអូរបស់បទ Gone សម្រាប់អ្នកដែលមិនទាន់បានមើល និងស្តាប់ ហើយយើងទៅមើលឈុតទាំង6 របស់ Rosé ក្នុងបទនេះទាំងអស់គ្នា ៖
1. ឈុតអាវខោបូយរោមសត្វ
គ្រឿអលង្ការ
មានតែក្នុងឈុតនេះទេ ដែល Rosé ពាក់គ្រឿងអលង្ការច្រើន មានទាំងចិញ្ចៀន និងខ្សែកច្រើនជាន់ផងដែរ ។

អាវក្រៅ
Rosé បានពាក់ឈុតនេះច្រៀងលើឆាក ផងដែរ ។ ហើយអាវក្រៅសាច់ខោបូយ ដៃវែងមានរោមសត្វនេះជារបស់ប្រេន David Koma ។ អាវនេះមានឈ្មោះថា Feather Sleeve Denim Jacket ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛6,642,000 ($1,640) ។



អាវកាក់
Rosé ពាក់អាវខ្លីចោមពុងពណ៌ខ្មៅ ដែលស៊ីគ្នាជាមួយនឹងពណ៌ស្បែកជើង ។ ថាទៅក្នុងឈុតនេះមានតែអាវខ្លីនេះ និងស្បែកជើងទេដែលមានពណ៌ស៊ីគ្នា តែមួយឈុតនេះមើលទៅនៅតែសាកសមជាខ្លាំង ។

សំពត់សាច់ចាក់ពណ៌ចំរុះ
សំពត់នេះ ជារបស់ប្រេន Ashley Williams មានឈ្មោះថា Multicolor Patchwork Skirt ដែលត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛2,450,300 ($605) ។ ដើមឡើយសំពត់នេះមានប្រវែងវែងដល់ខ្មងជើង ហើយអ្នករៀបចំសម្លៀកបំពាក់ (Stylish) បានកែច្នៃឲ្យវាខ្លីឲ្យសាកសមទៅនឹងឈុតនេះ ជាពិសេសជាមួយនឹង ស្បែកជើងកវែងនេះតែម្តង ។


ស្បែកជើងកវែង
ស្បែកជើងពណ៌ខ្មៅ កវែង កែងក្រាស់(បែបPlatform) នេះជារបស់ប្រេន Darker Wavs ដែលមានឈ្មោះថា BASSLINE TRAITOR BOOTS ។ វាមានតម្លៃប្រមាណ ៛519,900 ($128) តែមិនមានក្នុងស្តុកទៀតទេ ។


2. ឈុតរ៉ូបគួរឲ្យស្រឡាញ់
ខ្សែក
ខ្សែកនេះជារបស់ប្រេន Tiffany & Co មានឈ្មោះថា Double Link Pendant ត្រូវបានដាក់លក់ក្នុងតម្លៃ ៛10,530,700 ($2,600) ។


បូសក់
បូសក់មួយគូរបស់ Rosé ឈុតជាមួយជាមួយនឹង រ៉ូបពណ៌ត្របែកព្រៃឲ្យច្បាស់ក្រឡែត ។ មិនសរសើរ អ្នករៀបចំសម្លៀកបំពាក់ (Stylish) មិនបានតែម្តង ។

រ៉ូបពណ៌ត្របែកព្រៃ
រ៉ូបខ្លីពណ៌ត្របែកព្រៃនេះសាកសមជាមួយនឹងបូសក់របស់ Rosé មែនទេន គឺគួរឲ្យស្រឡាញ់តែម្តង ។ រ៉ូបនេះជារបស់ប្រេន TANDT ដែលជាប្រេនរបស់ថៃ ។ រ៉ូបនេះជាម៉ូតប្រចាំរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ 2020 ដែលមានឈ្មោះថា HOLISTAY (Holistay Autumn/winter 2020) ។ ហើយវាមានឈ្មោះថា CYNTHIA DRESS ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛1,275,600 ($315) ។


3. ឈុតរ៉ូបខ្មៅមានបូ
ខ្សែក និង ដង្កៀបសក់
Rosé ពាក់ខ្សែកពែក (គុជខ្យង) ធំៗ ហើយមានខ្សែចងពណ៌ខ្មៅ ដែលស៊ីគ្នាជាមួយពណ៌រ៉ូប ។ រីឯដង្កៀបសក់ ពណ៌ផ្កាឈូកវិញ គឺដូចទៅនឹងបូនៅលើរ៉ូបតែម្តង ។

កាបូប
កាបូបផ្លេកៗ Blink Blink នេះជារបស់ប្រេន Lovers + Friends ដោយវាមានឈ្មោះថា LOTTIE CRYSTAL PURSE ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៛558,500 ($138) ។


រ៉ូបខ្មៅ
Rosé ក៏បានពាក់រ៉ូបនេះច្រៀងលើឆាកផងដែរ ។ វាជារបស់ប្រេន Ashley Williams ដែលជាម៉ូតប្រចាំ
និទាឃរដូវ ឆ្នាំ2021 (SPRING 2021 READY-TO-WEAR) ។ អ្នករៀបចំសម្លៀកបំពាក់ (Stylish) បានច្នៃឲ្យរ៉ូបនេះឲ្យមានប្រវែងខ្លៃជាងមុន ដែលធ្វើឲ្យស្បែកជើងកវែងនោះលេចធ្លោតែម្តង ។


ស្បែកជើង
ស្បែកជើងពណ៌ទឹកដោះគោនេះជារបស់ប្រេន Club Exx មានឈ្មោះថា FIELD GIRL TRAITOR BOOTS ត្រូវបានដាក់លក់ក្នុងតម្លៃ ៛445,500 ($110) តែលក់អស់បាត់ទៅហើយ ។


4. ឈុតអាវយឺត
ចិញ្ចៀន និងបូសក់
ក្នុងឈុតនេះRosé ស្លៀកពាក់បែបនៅផ្ទះ ហើយមានពាក់ចិញ្ចៀនច្រើន ជាមួយនឹងបូសក់នៅកដៃផងដែរ ។ ដោយដៃឆ្វេងពាក់ចិញ្ចៀនពីរវង់ គឺមួយមានរាងដូចឡាម ហើយមួយទៀតមានត្បូងពណ៌ខ្មៅរាងបេះដូង ។ ហើយដៃស្តាំវិញក៏មាន ពីរវង់ដែរ ដោយមួយមានត្បូងពណ៌ខ្មៅ ហើយមួយទៀតមានរាងខ្លាឃ្មុំតុក្កតា ។ រីឯបូសក់វិញគឺប្រភេទបូចងសក់ក្រណាត់ (Scrunchies) ដែលថ្មីៗនេះមានការពេញនិយម ។


អាវយឺត និង ខោខ្លី
Roséពាក់ឈុតបែបនៅផ្ទះ (Comfy outfit) ដែលក្នុងនោះមានអាវយឺតដៃវែង (បែបSweatshirt) ជាមួយនឹងខោខ្លីពណ៌ខ្មៅ ។

កាមេរ៉ា
កាមេរ៉ាដែល Rosé កាន់ថតនេះមានម៉ាក កាណុន (Canon) ស៊េរី Reflex Zoom 8 ដែលត្រូវបានដាក់លក់ក្នុងឆ្នាំ 1959 ក្នុងតម្លៃ ៛1,775,900($438.48) ។

5. ឈុតអាវខោបូយ អង្គុយញ៉ាំបាយ
អាវខោបូយ
អាវក្រៅដែលRosé ពាក់សំយេះស្មានេះជាអាវម៉ូតខោបូយបំណាស់ (Patchwork Denim Jacket) គឺគេជាម៉ូតដែលផ្សំដោយចំរៀកខោខោបូយ ដូចដែលឃើញគឺមានទាំងផ្នែកខ្សែរូត, ហោប៉ៅផងដែរ ។


រ៉ូប
រ៉ូបខាងក្នុងអាវខោបូយនេះជារបស់ប្រេន Blumarine ។ រ៉ូបនេះមានឈ្មោះថា Panelled lace-trim camisole dress ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៛4,046,200 ($999) ។


6. ឈុតរ៉ូបពណ៌ឥន្ធនូ
ក្រវិលបូក្រហម
ក្រវិលរបស់Rosé ក្នុងឈុតនេះមានរាងបូពណ៌ក្រហម គឺគួរឲ្យស្រឡាញ់ហើយលេចធ្លោតែម្តង ។ សាកសមជាមួយនឹងការផាត់មុខ (Make up) និងរ៉ូបឥន្ធនូតែម្តង ។

រ៉ូបឥន្ធនូ
រ៉ូបស្លាបមាន់ពណ៌ឥន្ធនូនេះជារបស់ប្រេន Congtri មានឈ្មោះថា FEATHER-EMBELLISHED MINI DRESS ត្រូវបានដាក់លក់ក្នុងតម្លៃ ៛105,300,000 ($26,000) ។


ស្បែកជើង
ស្បែកជើងកែងក្រាស់ មានម៉ូតម៉ារីជេន (Mary Janes) នេះជារបស់ប្រេន Lamoda ហើយស្បែកជើងនេះមានឈ្មោះថា Sweet Candy Extreme Platform Heels មានតម្លៃ ៛279,300 ($69) ។

